Responsive Ads Here

August 1, 2016

បារីបង្កឱ្យមនុស្សកើតជំងឺបេះដូង និង ដាច់សរសៃឈាមខួរក្បាល ស្លាប់រាប់លាននាក់រាល់ឆ្នាំ តែមនុស្សភាគច្រើនមិនបានដឹង

ខណៈដែលការផ្សាភ្ជាប់គ្នារវាងការជក់បារីនិងជំងឺមហារីកត្រូវបានគេដឹងយ៉ាងច្បាស់នោះ អង្គការសុខភាពពិភពលោក (WHO) បានព្រមាននៅថ្ងៃព្រហស្បតិ៍ទី៣១ឧសភានេះថា មានការយល់ដឹងតិចតួចណាស់អំពីផលប៉ះពាល់របស់ថ្នាំជក់មកលើបេះដូងមនុស្ស។


ក្នុងឱកាសនៃទិវាពិភពលោកគ្មានថ្នាំជក់នៅថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនេះបានកោតសរសើរថា ការជក់បារីបានថយចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០០០ ប៉ុន្តែបានព្រមានថា នៅតែមានមនុស្សច្រើនអនេក រក្សាទម្លាប់ជក់បារីដ៏គ្រោះថ្នាក់។

ហើយអង្គការនេះបានព្រមានថា ការស្រាវជ្រាវបានបង្ហាញថា មាន "កង្វះការយល់ដឹងយ៉ាងធ្ងន់ធ្ងរ" អំពីហានិភ័យសុខភាពខុសៗគ្នាដែលពាក់ព័ន្ធនឹងថ្នាំជក់។

ការប្រើប្រាស់ថ្នាំជក់ត្រូវបានផ្សាភ្ជាប់ទៅនឹងការស្លាប់ជាង ៧ លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ដែលក្នុងនោះមាន ៨៩០.០០០ នាក់បានស្លាប់ដោយសារការហិតផ្សែងបារីពីគេ។

ប៉ុន្តែ WHO បានព្រមានថា មនុស្សជាច្រើនមិនដឹងថា ជិតពាក់កណ្តាលនៃការស្លាប់ទាំងនោះ ប្រហែល ៣ លាននាក់គឺដោយសារជំងឺទាក់ទិននឹងសរសៃឈាមបេះដូងនោះទេ ក្នុងនោះរួមមាន ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

ប្រធានអង្គការសុខភាពពិភពលោកលោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "មនុស្សភាគច្រើនដឹងថាការប្រើប្រាស់ថ្នាំជក់បង្កឱ្យមានជំងឺមហារីកនិងជំងឺសួត ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាថ្នាំជក់ក៏បង្កឱ្យមានជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលដែរនោះទេ ដែលជាជំងឺឃាតករឈានមុខគេលើពិភពលោក"។

គាត់បាននិយាយថា "ថ្នាំជក់មិនគ្រាន់តែបង្កជំងឺមហារីកទេ តែវាក៏ធ្វើឱ្យខូចបេះដូងដែរ"។

ផ្សែងបារីមានផ្ទុកសារធាតុគីមីជាង ៧.០០០ ប្រភេទរួមមាន ជាតិជ័រនិងសារធាតុផ្សេងៗទៀតដែលធ្វើឱ្យស្វិតសរសៃឈាមធំនិងបំផ្លាញសរសៃឈាម និងសារធាតុនីកូទីន ដែលត្រូវបានផ្សាភ្ជាប់ជាមួយនឹងការកើនឡើងខ្លាំងនៃចង្វាក់បេះដូងនិងសម្ពាធឈាម។

អង្គការ WHO និយាយថាក្នុងពេលជាមួយគ្នានេះដែរ ការជក់បារីបញ្ចេញឧស្ម័នពុលដូចកាបូនម៉ូណូស៊ីតដែរ ដែលជំនួសអុកស៊ីសែននៅក្នុងឈាម ដោយហេតុនេះនឹងកាត់បន្ថយអុកស៊ីសែនសម្រាប់សាច់ដុំបេះដូង។

ទីភ្នាក់ងារនេះបានចង្អុលបង្ហាញថា ការប្រើប្រាស់ថ្នាំជក់ទទួលខុសត្រូវប្រហែល ១៧ ភាគរយនៃការស្លាប់ជិត ១៨ លាននាក់ពីជំងឺសរសៃឈាមបេះដូងនៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ៕

No comments:

Post a Comment